(ព័ត៌មានគួរយល់ដឹង)
យុវជនម្នាក់មានឈ្មោះ តាន់ គីមសួរ ដែលគេស្គាល់ថាជាអ្នកស្រឡាញ់ធនធានធម្មជាតិ បានអះអាងថា ខ្លួនរកឃើញរឿងរ៉ាវមិនប្រក្រតីជាច្រើនកំពុងតែកើតមានឡើងនៅពីក្រោយការរៀបចំគម្រោងដោះដូរទីតាំង និងផ្ទេរកម្មសិទ្ធិកាន់កាប់ដីព្រៃជាង ២ ០០០ហិចតា នៅតំបន់ព្រៃភ្នំតាម៉ៅ។ លោកនិយាយថា បុគ្គលនិងក្រុមហ៊ុនពាក់ព័ន្ធនឹងផែនការកាត់ដីព្រៃភ្នំតាម៉ៅ ប្រហែលជាបានឃុបឃិតគ្នាកុហកភូត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទៀតផង។
តាមរយៈលិខិតមួយច្បាប់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ របស់លោក តាន់ គីមសួរ បានរៀបរាប់ និងមានខ្លឹមសារនៃលិខិតលេខ៣២ សជណ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី គឺនឹងមានការដោះដូរទីតាំងដីពីរកន្លែង។ ទីតាំងទី១ ទំហំ៣០០ហិកតាជាទីតាំងដីស្ថានីយចិញ្ចឹម គោពូជភ្នំតាម៉ៅរបស់ក្រុមហ៊ុន ខ្មែរ ហ្វេស មិល ឯ.ក និងទីតាំងទី២ ទំហំ៥០០ហិកតានៃព្រៃឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ តែមិនបានបង្ហាញឈ្មោះក្រុមហ៊ុន ឬអ្នកវិនិយោគទុនឡើយ។
ក្រោយទទួលបាន សជណ ខាងលើ លោក តាន់ គីមសួរ អះអាងថា រូបលោកបានទាក់ទងទៅអគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេស មិល ដើម្បីសុំការស្រាយបំភ្លឺ។ តាមសារសំឡេងរបស់អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេស មិល បញ្ជាក់ថា ខ្លួនលោកផ្ទាល់មានការលំបាកក្នុងការយល់អំពីខ្លឹមសារនៃ សជណ ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីនោះណាស់ព្រមទាំងមិនបានដឹងអំពីផែនការដូរទីតាំងដីក្រុមហ៊ុនរបស់លោកនោះដែរ។ អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេស មិល ថាលោកកំពុងធ្វើការស្រាវជ្រាវថា តើក្រុមហ៊ុនណាជាអ្នកទិញដីដែលគាត់កំពុងជួល ខណៈក្រុមហ៊ុន ខ្មែរ ហ្វេស មិល មិនពាក់ព័ន្ធនឹងការទិញដីនៅតំបន់នោះទេ។
លោក តាន់ គីមសួរ ដែលអះអាងថាខ្លួនទទួលនូវព័ត៌មានកាន់តែច្រើនអំពីផែនការសម្ងាត់នៃការកាត់ដីព្រៃភ្នំតាម៉ៅ និយាយថា ប្រជាពលរដ្ឋខ្មែរកំពុងតែរង់ចាំមើលថា តើក្រុមហ៊ុនណានឹងទទួលបានដីព្រៃ៨០០ហិកតាខាងលើ។
ក្នុងទំព័រហ្វេសប៊ុក លោក តាន់ គីមសួរ បានដាក់ជា០៤សំនួរសួរថា ៖
១/តើអ្នកណាគឺជាអ្នកនៅពីក្រោយការរៀបចំលិខិតស្នើសុំដោះដូរនិងផ្ទេរសិទ្ធទីតាំងដី ទាំងនេះឲ្យពិតប្រាកដ?
២/តើគាត់ជាអ្នកណាបានជាហ៊ានក្លែងបន្លំឯកសារនិងរបាយការណ៍បែបនេះ?
៣/តើគាត់ជាអ្នកណាឲ្យពិតប្រាកដ បានជាហ៊ានកុហក សូម្បីតែនាយករដ្ឋមន្ត្រីបែបនេះ?
៤/តើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងរដ្ឋបាលខេត្តតាកែវមានការបកស្រាយយ៉ាងណាដែរចំពោះរឿងនេះ?
យ៉ាងណាក៏ដោយ ចំពោះពាក្យបណ្តឹងនោះ លោក ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយនឹងប្រជុំវិភាគចំពោះពាក្យបណ្តឹងនោះ ក្រោយពីទទួលបានពាក្យបណ្តឹងនោះហើយ៕