(ខេត្តកណ្តាល)៖ កាលពីពេលថ្មីៗនេះ សមត្ថកិច្ចខេត្តកណ្តាល បានធ្វើការចុះបង្ក្រាបនៅហាងកាហ្វេដែលបង្កប់ល្បែងជល់មាន់តាមទូរទស្ស៍មួយកន្លែង នៅក្នុងទឹកដីស្រុកអង្គស្នួល ឃាត់មនុស្សប្រុសស្រីចំនួន៤នាក់ ធ្វើការវាស់កំពស់ណែនាំអប់រំរួចអោយទៅផ្ទះវិញ ។
ចំណែកឯនៅទឹកដីស្រុកកោះធំវិញ មិនដែលឃើញសកម្មភាពចុះអនុវត្តឬបង្ក្រាបរបស់លោកអធិការស្រុកកោះធំឡើយ សង្ស័យតែដាក់ខែវង់ល្បែងជល់មាន់តាមទូរទស្សន៍អនឡាញអស់ហើយមើលទៅ។
ប្រជាពលរដ្ឋអបអរសាទរដោយបានឃើញចំណាត់ការរបស់សមត្ថកិច្ចខេត្តកណ្តាលបែបនេះ ចំណែកពលរដ្ឋនៅក្នុងស្រុកកោះធំវិញ រង់ចាំមើលថា តើល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍រាប់សិបកន្លែងក្នុងមូលដ្ឋានរបស់ពួកគាត់នឹងមានចំណាត់ការដែរឬទេ បើរាល់ថ្ងៃនឹងលោកស៊ីម ឃាង អធិការនគរបាលស្រុកកោះធំសំងំស្ងាត់ឈឹង មិនមានវិធានការអ្វីបន្តិចសោះ ហាក់ដូចកំពុងកាក់កបនូវលាភសក្ការៈពីវង់ល្បែងអស់ទាំងនោះ ។
គួរបញ្ជាក់ថា៖ ដូចជាសាយក្លិន លោកអធិការស្រុកកោះធំបានដាក់ខែរាល់វង់ល្បែងជល់មាន់តាមទូរទស្សន៍គ្រប់ប្រភេទ ដែលកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើនក្នុងស្រុកកោះធំ ខេត្តកណ្តាល ដែលកំពុងតែផ្ទុយពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនោះ មិនតែប៉ុណ្ណោះលេចឮដំណឹងថា លោកអធិការស្រុកកោះធំបានដាក់ខែក្នុងវង់ល្បែងដោយមួយៗទីតាំង១០០ដុល្លារទៀតផង។
ជាពិសេសក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងរីកដុះដាលយ៉ាងខ្លាំង នូវវង់ល្បែងស៊ីសងដូចជា ឡូតូអនឡាញ និងជល់មាន់តាមទូរទស្សន៍ ដែលបញ្ហាទាំងនេះវាពិតណាស់ តែងតែបង្ករអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ជាពិសេស អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ជាក់ស្តែងពេលបច្ចុប្បន្ន លេចមុខល្បែងជល់មាន់តាមទូរទស្សអនឡាញមិនក្រោមពី៥០ទីតាំងនោះទេ កំពុងតែលាក់ខ្លួនជ្រកក្រោយអាជ្ញាប័ណ្ណល្បែងឡូតូ បើកដំណើការលេងភ្នាល់ដែលមានមនុស្សចូលទៅលេងភ្នាល់រាល់ថ្ងៃយ៉ាងច្រើនកុះករ ងាកទៅមើលសមត្ថកិច្ចនៃអធិការនគរបាលស្រុកកោះធំវិញ ដូចជាមើលមិនឃើញសោះ ហើយបណ្តោយឲ្យទីតាំងល្បែងទាំងនេះ កើតមានក្នុងមូលដ្ឋានខ្លួនយ៉ាងច្រើនជាបន្តបន្ទាប់។
ពាក់ព័ន្ធនិងករណីខាងលើនេះ លោក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ លោកមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ពេលដឹងថា អ្នកសារព័ត៌មានហៅទូរស័ព្ទចូល ហាក់បីដូចជាដឹងថាលេខដែលខលទៅជាលេខអ្នកសារព័ត៌មាន លុះហៅទូរស័ព្ទលើកទី២គឺលោកបិទគ្រឿងមិនទទួលការហៅទៀត៕