(ខេត្តតាកែវ) ៖ ពលរដ្ឋក្នុងក្រុងដូនកែវ កំពុងតែដេកភ័យ ក្រោយកើតចោរកម្មផ្ទួនៗ ជាប់គ្នា បី.បួន ករណីទៅហើយសមត្ថកិច្ចបានត្រឹមសរសេររបាយការណ៍ទុក គ្មានបានតម្រុយ និងកំណត់មុខសញ្ញាចាប់បានជនសង្ស័យណាម្នាក់ឡើយ។
អសន្តិសុខពេកហើយទេដឹងលោកស្នងការនគរបាលខេត្តតាកែវ ក្នុងអាណត្តិលោក? ព្រោះមួយយរៈចុងឆ្នាំ២០២២នេះ កើតមានករណីចោរលួចគាស់ផ្ទះយកម៉ូតូ ចោរឆក់តាមដងផ្លូវបានសម្រេចផ្ទួនៗ ងាកមកមើលចំណាត់ការស្រាវជ្រាវពីសមត្ថកិច្ចលោកវិញសូន្យយឹងគ្មានតម្រុយសូម្បីមួយករណីក៏កំណត់មុខសញ្ញានិងបង្ក្រាបមិនបានផង។
ពលរដ្ឋក្នុងក្រុងដូនកែវ ខេត្តតាកែវ បានលើកឡើងថា ក្រុមចោរលួច ចោរឆក់តាមដងផ្លូវ ធ្វើសកម្មភាពបានសម្រេចជាបន្តបន្ទាប់ ខណៈមុខសញ្ញាទាំងនោះ សមត្ថកិច្ចគ្មានតម្រុយទាល់តែសោះ។ ដូចជាករណីចោរកម្មកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រុមចោរបានលបចូលកាត់សោរផ្ទះលួចយកម៉ូតូម៉ាកM slaz មួយគ្រឿង ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HG 3976 ពណ៌ប្រផេះ មិនបានសម្រេច ដែលមានម្ចាស់ ឈ្មោះ ហ៊ន រ៉ាយុ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ ថែមទាំងបានបាញ់គម្រាមម្ចាស់ម៉ូតូទៀតផងពេលតាមទាន់ពួកគេកំពុងធ្វើសកម្មភាពលួចយកម៉ូតូ។ កន្លងបានមួយថ្ងៃគឺនៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ចោរមួយក្រុមបានផ្លោះរបងចូលកាត់សោផ្ទះលួយយកម៉ូតូបានសម្រេចអស់២គ្រឿង នៅចំណុចភូមិថ្លល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។
ផ្ទុះភាពអសន្តិសុខខ្លាំងបែបនេះ ពលរដ្ឋសុំធ្វើការសំណូមពរទៅលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មានវិធានការណ៍ទប់ស្កាត់និងបង្ក្រាប់ផង ព្រោះថា ក្រុងដូនកែវ មិនធំទេ ហើយបើធៀបនិងកម្លាំងសមត្ថកិច្ចក្នុងស្នងការដ្ឋានវិញមានច្រើនណាស់ នេះមិនបូករួមទាំងកម្លាំងអធិការដ្ឋានក្រុងដូនកែវ ផង ហេតុអ្វីបានជាអសមត្ថភាពក្នុងការកំណត់និងបង្ក្រាបមុខសញ្ញាទៅវិញ ធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋដេកភ័យសឹងតែរាល់យប់យ៉ាងនេះ៕