(ខេត្តតាកែវ) ៖ រឿងថ្លៃផ្ញើម៉ូតូនៅមុខសាលាដំបូងខេត្តតាកែវ ផ្ទុះការរិះគន់យ៉ាងខ្លាំង និងលើកជាចម្ងល់ថា ហេតុអ្វីបានជានៅមុខជាប់របងសាលាដំបូងខេត្តតាកែវ មានពត់ខ្សែសម្រាប់ផ្ញើម៉ូតូយកលុយពីប្រជាពលរដ្ឋមួយថ្ងៃៗសរុបបានរាប់សិបម៉ឺន តើលុយបានមកពីការផ្ញើម៉ូតូទាំងនោះយកទៅណា?។
ប្រតិកម្មនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ពីប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការដែលទៅទំនាក់ទំនងការងារនិងរឿងរ៉ាវមួយចំនួននៅសាលាដំបូងខេត្តតាកែវ បានដាក់ជាសំណួរនិងមានចម្ងល់ថា ៖ តើហេតុអ្វីបានជាថ្លៃផ្ញើម៉ូតូមួយគ្រឿងៗថ្លៃដល់ទៅ២០០០រៀល នៅខាងមុខអយ្យការអមសាលាដំបូងខេត្តតាកែវ ឬមួយក៏មានការដេញថ្លៃផ្ញើម៉ូតូនៅទីនេះ។
ចង់សុំសួរលោកប្រធាន(តុលាការ) ហើយតើលុយដែលបានមកពីការផ្ញើម៉ូតូនោះយកទៅណា? ទាំងដែលកន្លែងផ្ញើជាប់របងសាលាដំបូងនេះ មិនមែនជាកន្លែងដេញថ្លៃភាស៊ីនោះសោះ។ តាមការឲ្យដឹងពីសន្តិសុខដែលយាមនិងយកថ្លៃផ្ញើម៉ូតូ ថា គាត់ស៊ីប្រាក់ខែពីតុលាការទេ ហើយលុយដែលបានមកពីការកិបសំបុត្រផ្ញើម៉ូតូគឺយកឲ្យទៅគេ មិនមែនគាត់យកខ្លួនឯងទេ។
សូមបញ្ជាក់ថា ដើមឡើយសន្តិសុខដែលយាមនៅមុខសាលាដំបូងខេត្តតាកែវ គឺមិនមានការដាក់កំហិតយកថ្លៃផ្ញើម៉ូតូ កង់ នោះទេ គឺតាមដែលពលរដ្ឋគាត់ឲ្យ តែមកដល់ពេលនេះគឺតម្រូវឲ្យម៉ូតូមួយគ្រឿងត្រូវបង់ថ្លៃនឹងកិបសំបុត្រផ្ញើ២០០០រៀល៕